R.C អាយុ ៦២ឆ្នាំ ដែលមានដើមកំណើតនៅទីក្រុងឡុងប៊ិច បាននិយាយថា “ខ្ញុំមិនដែលបានគិតថា ខ្ញុំ នឹងធ្លាក់ខ្លួនជាជនគ្មានផ្ទះសម្បែងឡើយ”។
គាត់បានក្រេបកាហ្វេតិចៗ ពីកំប៉ុងទទេមួយជារបស់គេប្រើប្រាស់សំរាប់ដាក់កញ្ឆាដែលគាត់បានរើសពី ធុងសំរាម។ កាហ្វេនោះគឺបុរសម្នាក់ទៀតទើបតែចាក់ឱ្យ R.C ពីកែវកាហ្វេម៉ាក McCafe របស់គាត់។
R.C ជាអ្នកធំដឹងក្តីនៅក្នុងតំបន់ Bixby Knolls ។
គាត់បាននិយាយថា “ខ្ញុំមកពីគ្រួសារដ៏មានជីវភាពធូរធារមួយ”។
គាត់ធ្លាប់មានផ្ទះនៅឆ្នេរសមុទ្រ ហើយនិងទូកជិះលេងកំសាន្តមួយផងដែរ ក៏ប៉ុន្តែដោយសារតែបញ្ហាលែងលះគ្នាជាច្រើនលើកច្រើនសារបានធ្វើឱ្យគាត់បានបាត់បង់របស់ទាំងអស់នោះ។
“យ៉ាងហោចណាស់ខ្ញុំមានរបស់របរទំាងអស់នោះសំរាប់បាត់បង់ តែមនុស្សខ្លះមិនមានអ្វីទាំងអស់” គាត់និយាយបណ្តើរ គាត់បញ្ឆេះបារីដែលរើសបានពីដីមកជក់បណ្តើរ។
បញ្ហាផ្លូវចិត្តរបស់គាត់បានរារាំងគាត់ពីការទទួលបានការងារធ្វើ ឬក៏ទទួលបានទីជម្រកស្នាក់នៅ។ យន្តការដោះស្រាយបញ្ហារបស់គាត់គឺជាការបរាជ័យម្តងទៀត។
គាត់បាននិយាយថា “ខ្ញុំធ្លាប់បានប្រឈមជាមួយបញ្ហានៃការសេពគ្រឿងស្រវឹងមិនប្រក្រតីរបស់ខ្ញុំ ទាំងពេលដែលខ្ញុំស្រវឹងខ្លាំង និងមិនសូវស្រវឹង“។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះគាត់បានស្វាងពីជាតិស្រវឹង បន្ទាប់ពីបានប្រើថ្នាំ។
គាត់ធ្លាប់ស្ថិតក្នុងស្ថានភាពម្ដងមាន ម្តងគ្មានផ្ទះសម្បែងរស់នៅអស់រយៈពេលជាច្រើនឆ្នាំ។ ពេលខ្លះគាត់ស្នាក់នៅផ្ទះមិត្តភក្តិរបស់គាត់ ប៉ុន្តែគាត់បានសំរេចចិត្តចាកចេញ។
គាត់បានបន្តទៀតថា “ខ្ញុំបានស្នាក់នៅតាមដងផ្លូវកាលពីយប់មិញ”។
គាត់បានថ្លែងអំណរគុណដល់ក្រុមអ្នកស្ម័គ្រចិត្ត ដែលនៅជុំវិញស្តាប់គាត់នៅពេលគាត់និយាយរៀបរាប់ ជាការដែលទទួលស្គាល់បញ្ហាគ្មានផ្ទះសម្បែងនៅក្នុងសង្គម។
បន្ទាប់ពីត្រូវបានគេផ្តល់ប័ណ្ណអំណោយអោយសម្រាប់ការស្ទង់មតិ គាត់បាននិយាយថា “តើអ្នកឃើញពីរបៀបដែលព្រះថែរក្សាខ្ញុំដែរ រឺទេ?”
មនុស្សប្រមាណ ២០០ នាក់បានភ្ញាក់ពីព្រលឹមស្រាងៗ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ដើម្បីចូលរួមក្នុងបេសកកម្មរាប់អត្រាប្រជាពលរដ្ឋគ្មានផ្ទះសម្បែង ដែលរស់នៅពាសពេញទីក្រុងឡុងប៊ិច ដែលជាផ្នែកមួយនៃយុទ្ធាការរាប់ចំនួនអ្នកគ្មានផ្ទះសម្បែរស់នៅក្នុងទីក្រុងឡុងប៊ិចឆ្នាំ២០២០ ព្រឹត្តិការណ៏នេះនឹងធ្វើឡើងនៅទូទាំងទីក្រុង ដើម្បីកំណត់អត្តសញ្ញាណអ្នកគ្មានផ្ទះសម្បែងនៅក្នុងសហគមន៍។ ការរាប់នេះត្រូវបានរៀបចំឡើងដោយក្រសួងសុខាភិបាល និងសេវាកម្មមនុស្ស នៃផ្នែកផ្ដល់សេវាកម្មដល់អ្នកគ្មានផ្ទះសម្បែង ដោយមានគោលបំណង “ស្វែងយល់អំពីវិសាលភាពនៃភាពគ្មានផ្ទះសម្បែងនៅក្នុងទីក្រុងដើម្បីជួយបង្កើតសេវាកម្មផ្សេងៗ និងលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋដែលកំពុងឆ្លងកាត់ភាពគ្មានផ្ទះសម្បែងរស់នៅ” ។
ពួកគេត្រូវបានបំបែកជាក្រុមតូចៗ ពី៣ ទៅ៥ នាក់ ដែលក្រុមនីមួយៗ ត្រូវបានគេបញ្ជូនទៅស្ទង់មតិនៅតំបន់ខុសៗគ្នា នៃទីក្រុងឡុងប៊ិច និង ដើម្បីប្រមូលទិន្នន័យជាមួយនឹងការស្ទង់មតិដែលមានសំណួរទាំងអស់ចំនួន ២០សំនួរ។
សំណួរមានជំរើសដែលគេសួររួមមាន អាយុ ពូជសាសន៍ ភេទ ពិការភាព និងមូលហេតុដែលធ្វើឱ្យក្លាយទៅជាអ្នកគ្មានផ្ទះសម្បែង។
នៅពេលបញ្ចប់ការស្ទង់មតិនេះ អ្នកដែលគ្មានផ្ទះសម្បែងត្រូវបានគេផ្តល់ជូនប័ណ្ណអំណោយដែលមាន ទឹកប្រាក់ចំនួន ៥ដុល្លារ។
សម្រាប់អ្នកគ្មានផ្ទះសម្បែងទាំងឡាយណាដែលចង់ដឹងព័ត៌មានទាក់ទងនឹងទីកន្លែងដែលពួកគេអាចរកទីជម្រកបាន អ្នកស្ម័គ្រចិត្តបានផ្តល់ប័ណ្ណព័ត៌មានដល់ពួកគេ សំរាប់ព័ត៌មានលំអិតអំពីទីជម្រកសម្រាប់រដូវរងាររបស់ទីក្រុងឡុងប៊ិច ។ ពួកគេក៏ត្រូវបានណែនាំអំពីការប្រើប្រាស់មជ្ឈមណ្ឌលពហុសេវាកម្មដែលមានទីតាំងស្ថិតនៅអាគារលេខ ១៣០១ W ផ្លូវទី១២ ផងដែរ។
មជ្ឈមណ្ឌលពហុសេវាកម្មផ្តល់ជូនប្រជាពលរដ្ឋនូវធនធានផ្សេងៗ ដែលមានដូចជា កន្លែងងូតទឹក ការប្រឹក្សាពីវិបត្តិផ្សេងៗ ជំនួយផ្នែកស្វែងរកការងារ ការផ្តល់កន្លែងស្នាក់នៅ សេវាកម្មផ្នែកថែទាំសុខភាព សេវាកម្មផ្នែកជំងឺអេដស៍ ការបញ្ជូនអោយទៅព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត និងការប្រើប្រាស់សារជាតិញឿនលើសកំណត់ សេវាកម្មសំរាប់អតីតយុទ្ធជន ការផ្សារភ្ជាប់ទៅនឹងអត្ថប្រយោជន៏ចម្បងផ្សេងៗ និងការបញ្ជូនទៅរកធនធានរបស់សហគមន៍។
បញ្ហាមួយដែលអ្នកគ្មានផ្ទះសម្បែងជាច្រើននាក់បានប្រឈមមុខគឺកង្វះកន្លែងស្នាក់នៅសម្រាប់សត្វចិញ្ចឹមរបស់ពួកគេ។ ស្ត្រីម្នាក់ឈ្មោះ C.M. ដែលមានដើមកំណើតអាមេរិកឡាទីន បានដើរចេញពីតង់ក្បែរនោះជាមួយនឹងឆ្កែតូចមួយរបស់គាត់ដើម្បីចូលរួមធ្វើការស្ទង់មតិ។ គាត់បានបាត់បង់ផ្ទះរបស់គាត់ដោយសារបញ្ហាទំនាក់ទំនងផ្ទាល់ខ្លួនរបស់គាត់ ហើយឥឡូវនេះគាត់បានរស់នៅដោយគ្មានផ្ទះសម្បែងអស់រយៈពេលជាងមួយឆ្នាំហើយ។
គាត់បានរួចផុតពីអំពើហិង្សាក្នុងគ្រួសារ ប៉ុន្តែសុខភាពផ្លូវចិត្តរបស់គាត់បានរារាំងគាត់ពីការទទួលបានការងារ ឬទីជំរក។ បើទោះបីជាគាត់ត្រូវបានគេផ្តល់ព័ត៌មានអំពីទីកន្លែងស្នាក់នៅក៏ដោយ ក៏នាងបានចោទសួរថាតើឆ្កែរបស់គាត់នឹងត្រូវបានគេទទួលអោយស្នាក់នៅដែរឬទេ។
គាត់បាននិយាយទៀតថា៖ «គុណវិបត្តិតែមួយគត់គឺថាពួកគេមិនចង់ទទួលយកឆ្កែរបស់ខ្ញុំ […] ហើយខ្ញុំមិនចង់ទុកឆ្កែរបស់ខ្ញុំចោលទេ។
បញ្ហាផ្សេងទៀតដែលពួកគេប្រឈមមុខគឺមធ្យោបាយក្នុងការធ្វើដំណើរ។ បុរសម្នាក់បាននិយាយថាដោយសារតែរូបរាងរបស់គាត់ គាត់មិនត្រូវបានគេអនុញ្ញាតឱ្យគាត់ជិះឡានក្រុងនោះទេ។ បុរសម្នាក់ទៀតបាននិយាយថាកង់របស់គាត់ត្រូវបានគេលួច ហើយអ្នកផ្សេងទៀតដែលបានប្រើប្រាស់សេវាកម្មរបស់មជ្ឈមណ្ឌលពហុសេវាកម្មពីមុននិយាយថាឡាន Van របស់គាត់ទើបតែឆេះគ្មានសល់។
ក្រុមមន្រ្តីបាននិយាយថា កាលពីមុនការរាប់ចំនួនអ្នកគ្មានផ្ទះសម្បែងត្រូវបានធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តង ប៉ុន្តែឥឡូវនេះការរាប់ចំនួនបុគ្គលគ្មានផ្ទះសម្បែងនឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ។
នៅឆ្នាំនេះ កម្មវិធីស្មាតហ្វូនសំរាប់រាប់ចំនួនបុគ្គលគ្មានផ្ទះសម្បែងត្រូវបានណែនាំជាលើកដំបូងដើម្បីជួយជាវិធីសាស្ត្រអេឡិចត្រូនិចក្នុងការទទួលបានព័ត៌មានក្នុងកំឡុងយុទ្ធនាការរាប់ចំនួនបុគ្គលគ្មានផ្ទះសម្បែង ដែលធ្វើទៅជាមួយប្រព័ន្ធដែលពីមុនប្រើតែក្រដាសតែមួយមុខគត់ដើម្បីរាប់ចំនួនអ្នកគ្មានផ្ទះសម្បែង។
R.C. បាននិយាយថា “ខ្ញុំសូមកោតសរសើរចំពោះអ្វីដែលអ្នកស្ម័គ្រចិត្តជាពិសេសអ្នកស្ម័គ្រចិត្តស្រីៗបានយកចិត្តទុកដាក់ចំពោះពិភពលោក”។ “មនុស្សគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះមនុស្សដូចគ្នា ដែលរស់នៅលើពិភពលោកនេះ។”