ការសិក្សានាពេលថ្មីៗនេះបានរកឃើញថាថ្លៃឈ្នួលមើលថែទាំកុមារ ពិតជាមានតំលៃថ្លៃខ្លាំងណាស់នៅ​រដ្ឋកាលីហ្វ័រញ៉ា ថ្លៃលើសជាងពាក់កណ្តាលនៃប្រាក់ចំណូលជាមធ្យម​របស់ ឪពុកឬម្តាយកុមារ

ខណៈពេលដែលការមើលថែទាំកុមារ ត្រូវបានគេរកឃើញថា មានថ្លៃឈ្នួលថ្លៃហួសប្រមាណ​នៅទូទាំង​ប្រទេសដែល ២៧% លើសពីប្រាក់ចំណូលជាមធ្យមរបស់ក្រុមគ្រួសារកុមារ ដែលមានតែឪពុកឬម្តាយ នៅក្នុងរដ្ឋនីមួយៗ យោងតាមការសិក្សាថ្មីមួយបង្ហាញថា សហរដ្ឋអាមេរិក និងថ្លៃឈ្នួលខ្ពស់​នៃការថែទាំ​កុមារ៖ ការពិនិត្យទៅលើប្រព័ន្ធដែលមិនដំណើរការ ដោយអង្គការមិនស្វែងរកប្រាក់ចំណេញ ការយល់​ដឹង​អំពីការថែទាំកុមាររបស់អាមេរិក (Child Care Aware of America) បានអោយដឹងថានៅ​រដ្ឋ​កាលីហ្វ័រញ៉ា ប្រាក់ចំណូលរបស់ក្រុមគ្រួសារ​ទាំងនេះ​មួយ​​ភាគធំ ពោលគឺ ៥៦.៣% ត្រូវបាន​ចំណាយ​ទៅ​លើការថែទាំកុមារតូចៗ។

ការផ្តល់ការមើលថែទាំដល់កុមារក្នុងតំលៃមួយសមរម្យ ពិតជាមានសារៈសំខាន់ណាស់​សម្រាប់ក្រុម​គ្រួសារ​ដែលមានតែឪពុកឬម្តាយ ដូចគ្នាដែរសម្រាប់ក្រុមគ្រួសារដែលមានទាំងឪពុក និងម្តាយ ពីព្រោះ​វាអនុញ្ញាតឱ្យឪពុកម្តាយអាចចាកចេញពីផ្ទះដើម្បីទៅធ្វើការ និងផ្គត់ផ្គង់ដល់ក្រុមគ្រួសារ ជាជាងដែល​ពួក​គេត្រូវនៅតែផ្ទះមើលថែទាំកូនៗ​ របស់ពួកគេដោយខ្លួនពួកគេផ្ទាល់។

លទ្ធផលនៃការសិក្សាប្រចាំឆ្នាំបានបង្ហាញថា រដ្ឋកាលីហ្វ័រញ៉ាជារដ្ឋដែលមានថ្លៃឈ្នួលខ្ពស់​ជាងគេបំផុត​លេខរៀងទី៦ ក្នុងការមើលថែទាំកុមារដែលមានអាយុ ៤ឆ្នាំ និងថ្លៃឈ្នួលថ្លៃជាងគេឈលំដាប់ទី២០ សម្រាប់​​​​​ការមើលថែកុមារពីអាយុ ១ឆ្នាំ ដល់ ៣ឆ្នាំ។

ការសិក្សារបស់អង្កការនៃការយល់ដឹងអំពីការថែទាំកុមាររបស់អាមេរិក (Child Care Aware of America) បានរកឃើញផងដែរថា ការចំណាយប្រចាំឆ្នាំជាមធ្យមសម្រាប់ការថែទាំ​ទារកនៅក្នុងរដ្ឋ​កាលីហ្វ័រញ៉ាគឺ ១៦, ៤៥២ ដុល្លារ ដែលស្មើនឹង ១៧.៦% នៃប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់​ក្រុមគ្រួសារកុមារ ដែលមានទាំងឪពុក និងម្តាយ ដែលមានចំនួន ៩៣, ៨៥០ ដុល្លារ និង ការចំណាយដ៏​ច្រើន​លើសលប់​​ ពោលគឺ៥៦.៣% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមគ្រួសារកុមារ ដែលមានតែ​ឪពុក​ឬម្តាយ ដែលមានចំនួន ២៩,១៩៨ ដុល្លារ ។ ទិន្នន័យខាងលើនេះគឺស្របគ្នាទៅនឹងព័ត៌មាន ដែលមាននៅក្នុងផែនការយុទ្ធសាស្ត្រនៃការអប់រំកុមារតូចៗ របស់សាលាក្រុងឡុងប៊ិចនៃរដ្ឋ​កាលីហ្វ័រនីញ៉ា សម្រាប់​ ឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣ ដែលបានចុះផ្សាយកាលពីឆ្នាំមុន បានបញ្ជាក់ថា ការចំណាយប្រចាំឆ្នាំលើការមើលថែទាំកុមារនៅទីក្រុងឡុងប៊ិចគឺច្រើនជាង ១៣.០០០ ដុល្លារ ​ក្នុង​មួយ​ឆ្នាំ។

ផែនការយុទ្ធសាស្ត្ររបស់សាលាក្រុងក៏បានចង្អុលបង្ហាញផងដែរ អំពីគំលាតផ្នែកសេដ្ឋកិច្ច​យ៉ាងសំខាន់​រវាង​សង្កាត់ខុសៗគ្នានៃទីក្រុងឡុងប៊ិច និងកុមារដែលរស់នៅទីនោះ។ នៅពេលដែលសង្កាត់មាន​លេខកូដ ៩០៨០៨ មានកន្លែងវាយកូនហ្គោល Skylinks និងផ្នែកខ្លះនៃឧទ្យាន El Dorado កុមារដែល​រស់​នៅ​ក្នុងភាពក្រីក្រក្នុងសង្កាត់នេះមានតែ ៣,៦ % ប៉ុណ្ណោះ ផ្ទុយទៅវិញសង្កាត់មានលេខកូដ ៩០៨១៣ ដែលមានទីក្រុងខ្មែរ និងជាសង្កាត់ដែលនៅក្បែរនឹងរដ្ឋវ៉ាស៊ីនតោន ចំនួនកុមារដែលរស់នៅ​ក្នុងភាពក្រីក្រក្នុងសង្កាត់នេះបានកើនរហូតដល់ ៤៦,១% ។

អភិបាលក្រុងលោក Robert Garcia បានថ្លែងនៅក្នុងលិខិតមួយ នៅខាងដើមនៃផែនការអប់រំ​កុមារតូចៗ​របស់សាលាក្រុងថា “ក្នុងនាមសាលាក្រុង វាពិតជាសំខាន់ណាស់ដែលយើងផ្ដល់​ការ​គាំទ្រដល់ប្រជាពលរដ្ឋដែលមានវ័យក្មេងជាងគេបង្អស់របស់យើង និងក្រុមគ្រួសាររបស់ពួកគេ ដើម្បី​ធ្វើឱ្យពួកគេមានអនុភាពក្នុងការសំរេចការងារដែលមានអត្ថន័យ និងមានឥទ្ធិពលក្នុង​ការផ្លាស់ប្តូរលើ​កុមារ ​និងសហគមន៍របស់យើងទាំងមូល”។

យោងតាមផែនការយុទ្ធសាស្រ្តអប់រំកុមារតូចៗ របស់សាលាក្រុងឡុងប៊ិចនៃរដ្ឋកាលីហ្វ័រនីញ៉ា ២៣% នៃ កុមារដែលរស់នៅទីក្រុងឡុងប៊ិច មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានប្រាក់ជំនួយ​សម្រាប់​ការមើលថែទាំកុមារ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារកុមារចំនួន ១៦.១៦៤ នាក់ ដែលមានសិទ្ធិទទួលបានប្រាក់ជំនួយទាំងនោះ មិនបានប្រើប្រាស់មូលនិធិ​សាធារណៈដែលនៅទំនេរ​នេះទេ។

អង្គការក្នុងស្រុកមួយ ដែលមានឈ្មោះថាសម្ព័ន្ធកែលំអសហគមន៍នៃទីក្រុងឡុងប៊ិច (CIL) ដែលធ្វើការ​នៅទីក្រុង Long Beach, Signal Hill និងរួមទាំង Los Angeles កំពុងជួយក្រុមគ្រួសារដែល​មិន​សិទ្ធិ​ទទួលបានប្រាក់ជំនួយសំរាប់ការថែទាំកុមារ ដើម្បីអោយពួកគេទទួលបានការផ្តល់ការមើល​ថែទាំដល់​កុមារ​ក្នុងថ្លៃឈ្នួលមួយសមរម្យ។ តាមរយៈការបង់ប្រាក់ទៅតាមកំរិតនៃប្រាក់បៀវត្សរ៍ ដោយផ្អែកលើ​ប្រាក់ចំណូលរបស់គ្រួសារកុមារនីមួយៗ ស៊ីអាយអិល (CIL) បានផ្តល់ឧបត្ថម្ភធនជា​សាធារណៈដល់​កម្មវិធីអភិវឌ្ឍន៍កុមារ សំរាប់កុមារអាយុពី ២ឆ្នាំ ទៅដល់ ៥ឆ្នាំ និងមុននិងក្រោយកម្មវិធីសាលា សម្រាប់​កុមារពីអាយុ ៦ឆ្នាំ ដល់ ១៣ឆ្នាំ។ កម្មវិធីនៃការផ្ដល់អាហារបំប៉នដល់កុមាររបស់ស៊ីអាយអិល (CIL) ក៏បានផ្តល់ផងដែរ នូវអាហារឥតគិតថ្លៃដល់កុមារទាំងឡាយ​ណាដែលបានចុះឈ្មោះក្នុងកម្មវិធី​ការមើល​ថែទាំ​កុមារតាមរយៈមូលនិធិដែលផ្តល់ដោយក្រសួងអប់រំ។

គេហទំព័ររបស់ ស៊ីអាយអិល (CIL) បានថ្លែងថា “ស៊ីអាយអិល (CIL) បានទទួលស្គាល់អំពីតម្រូវការ​ដ៏ចាំ​បាច់នេះ ហើយស៊ីអាយអិល (CIL) ក៏បានឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់នេះ ជាមួយនឹង​ការផ្ដល់សេវាកម្មដល់ការអភិវឌ្ឍន៍កុមារតូចៗ ដែលមានតំលៃសមរម្យនិងប្រកបដោយគុណភាពខ្ពស់។ សម្រាប់គ្រួសារមួយចំនួន ក្នុងចំណោមគ្រួសារដែលទទួលបានសេវាកម្មខាងលើនេះ កម្មវិធីនៃការ​អភិវឌ្ឍន៍​កុមារដែលប្រកបដោយគុណភាពខ្ពស់ មានសុវត្ថិភាព និងមានតំលៃសមរម្យនេះ អាចអោយ​ពួកគេ​យល់​ពីភាពខុសគ្នា រវាងភាពមានការងារធ្វើ និងភាពអត់ការងារធ្វើ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រាក់ជំនួយសំរាប់ការថែទាំកុមាររបស់ស៊ីអាយអិល (CIL) សូមចូល​មើល​គេហទំព័ររបស់ស៊ីអាយអិល (CIL) ។

Total
0
Shares