ភាពគ្មានផ្ទះសម្បែង ឧក្រិដ្ឋកម្ម និងលំនៅដ្ឋាន៖ ទាំងនេះជាអ្វីដែលបេក្ខជននៃ​ក្រុមប្រឹក្សាក្រុង សង្កាត់ទី ៦ បាននិយាយក្នុងវេទិកាជជែកពិភាក្សាសាធារណៈ

បេក្ខជនដែលកំពុងធ្វើការប្រកួតប្រជែងដើម្បីដណ្តើមយកតំណែងក្រុងសង្កាត់ទី៦ នាខែមីនា​
​​​​​ខាងមុខនេះ បានបន្ថយការរិះគន់របស់ពួកគេទៅលើគ្នាទៅវិញទៅមក ទោះបីជាយ៉ាងណាក៏ដោយ មានបេក្ខជនមួយចំនួនតូចបានទទួលរងការរិះគន់ នៅក្នុងសន្ទរកថាបើករបស់បេក្ខជនដ៏ទៃ​ ហើយ​បេក្ខជនភាគច្រើនបានចែករំលែកយុទ្ធសាស្រ្តរដូចគ្នាក្នុងវេទិកាជជែកពិភាក្សាសាធារណៈ
កាល​​ពី​យប់​​ថ្ងៃសុក្រកន្លងទៅ។

ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ទី៦ បានមកចូលរួមយ៉ាងច្រើនកុះករនៅសាលប្រជុំ​ខាងក្នុងមជ្ឈមណ្ឌល The Ernest McBride Park Cal Rec Center ដើម្បីស្តាប់បេក្ខជនដែលឈរឈ្មោះ ជាក្រុមប្រឹក្សា​ក្រុង សង្កាត់របស់ពួកគេនិយាយអំពីបញ្ហា​ចាំបាច់បន្ទាន់​បំផុតនៅក្នុង​សហគមន៍របស់​ពួក​គេ។​

បេក្ខជនទាំងអស់រួមមាន Craig Ursuy, Steve Meng, Josephine Villasenor, Suely Saro, Sharifah Hardie, Ana Arce និងបេក្ខជនដែលកំពុងកាន់ដំណែង Dee Andrews បានបើកវេទិកា ជជែកពិភាក្សាសាធារណៈនេះដោយឧទ្ទេសនាមរៀងៗខ្លួន និងនិយាយសង្ខេបពី​គោលនយោបាយ​របស់​ពួក​គេ។

កម្មវិធីនេះបានរៀបចំឡើងដោយ សមាជិកនៃក្រុម សភា ខ្មែរអាមេរិកាំង ទំនាក់ទំនង ផ្នែកសង្គមកិច្ច (CACEC) រួមមាន Marc Coleman, Alex Norman, Laura Som, Anthony Kim, Charles Song និង Sanghak Kan។

ស្ទើរតែពីដើមដល់ចប់វេទិកាជជែកពិភាក្សា បេក្ខជនបានជៀសវាងការប្រឈមមុខដាក់គ្នា នៅពេលដែល​ពិភាក្សា​​លើប្រធានបទមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ នៅជិតចុងបញ្ចប់នៃកម្មវិធីនេះ Arce បាននិយាយថា ប្រសិនបើបោះឆ្នោតឱ្យបុគ្គលដូចជា Saro នឹងមិននាំមកនូវការផ្លាស់ប្តូរ​នៅ​ក្នុងសហគមន៍​នោះទេ ពីព្រោះ Saro ធ្លាប់កាន់តួនាទី​ជាប្រធានបុគ្គលិករបស់សមាជិក​ព្រឹទ្ធសភា Ricardo Lara។

Arce បាននិយាយបន្ថែមទៀតថា “ប្រសិនបើអ្នកចង់អោយអ្វីៗនៅដដែលនោះ សូមអ្នក​បោះឆ្នោត​​​អោយ Suely ចុះ”។

Saro បាននិយាយកែតំរូវ Arce ដោយនិយាយថាខ្ញុំធ្លាប់ជាអ្នកតំណាងដែលធ្វើការនៅ ការិយាល័យ​មូលដ្ឋាន​អោយសមាជិកព្រឹទ្ធសភា និងបានស្នើសុំ​​ពេលវេលា​​​​បន្ថែមដើម្បីធ្វើការឆ្លើយតប​ទៅនឹងមតិរបស់ Arce។ លោក Norman បានឆ្លើយតបថាគ្មាន​​​ការប្រកែកគ្នាត្រូវ​បានអនុញ្ញាតិឱ្យ​កើត​​​​មាន​ឡើង​​ទេ ហើយ​​ Saro ក៏មិនបានផ្តល់ពេលវេលាបន្ថែមក្នុងកំឡុងពេលដែលថ្លែង​សុន្ទរកថា​​​បិទបញ្ចប់នោះដែរ។

ភាពគ្មានផ្ទះសម្បែង
សំណួរទីមួយដែលលោក Norman បានសួរទៅកាន់បណ្តាបេក្ខជនដើម្បីអោយធ្វើការឆ្លើយតបនោះ​គឺ​ភាពគ្មានផ្ទះសម្បែងនៅក្នុងសហគមន៍ និងធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហានេះ។

Saro បាននិយាយថា ការផ្តល់ទីកន្លែងស្នាក់នៅអោយបានត្រឹមត្រូវ និងការផ្តល់សេវាកម្ម​ផ្នែក​សុខភាពផ្លូវចិត្តគឺជាវិធីល្អបំផុតក្នុងការដោះស្រាយបញ្ហានេះ។

Hardie បានឆ្លើយសំណួរនេះដោយរៀបរាប់រឿងផ្ទាល់ខ្លួន។ គាត់ត្រូវបានគេបញ្ឈប់​ពី​ការងារចំនួន៨ដង មុនពេលគាត់ចាប់ផ្តើមអាជីពផ្ទាល់ខ្លួនជាសហគ្រិន។ វិធីសាស្រ្តរបស់គាត់គឺ​បង្រៀន​មនុស្សអោយមាន​ជំនាញ​​​​​ផ្សេងៗ ដើម្បីអោយពួកគេអាចស្វែងរកមុខរបរដោយខ្លួនរបស់ពួកគេបាន។

បេក្ខជនកំពុងកាន់ដំណែង Andrews ​ដែលក្នុងរដូវកាលបោះឆ្នោតលើក​នេះជាអណត្តិទីបួនរបស់​គាត់​បានថ្លែងថា ការគ្រប់គ្រងលើថ្លៃជួលតែមួយមុខគឺវាមិនទាន់គ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានេះទេ។ គាត់បាននិយាយប្រាប់ប្រជាពលរដ្ឋដែលមកចូលរួមស្តាប់នៅក្នុងវេទិកាជជែកពិភាក្សាសាធារណៈនេះថា ចំពោះរូបគាត់ការតំឡើងថ្លៃជួលគឺ “មិនល្អឡើយ”សម្រាប់សហគមន៍។

Villasenor បានឆ្លើយតបនឹងសំណួរនេះដោយបញ្ជាក់ថា ប្រសិនបើគាត់បានជាប់ឆ្នោត គាត់នឹងមិន​ទទួល​​យកប្រាក់បៀរវត្សរ៍ដែលបានមកពីសាលាក្រុងទេ ហើយគាត់នឹងបរិច្ចាគថវិកា​នេះ​សម្រាប់​ឧបត្ថម្ភ​ដល់គម្រោងផ្សេងៗរបស់សហគមន៍។ គាត់និយាយបន្ថែមទៀតថា គាត់ជាកូនទី១៥ ក្នុងចំណោមបងប្អូន​ប្រុសស្រី ២២នាក់ ហើយគាត់ធ្លាប់បានឆ្លងកាត់​ភាពគ្មានផ្ទះសម្បែង​រយៈពេល​មួយឆ្នាំ។​

Ursuy ជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យ Santa Ana បានបញ្ជាក់ថា គាត់នឹងដោះស្រាយ​បញ្ហាគ្មាន​​ផ្ទះសម្បែង​​ឋិតឋេរនេះដោយកែសំរួលច្បាប់ឧក្រិដ្ឋលើជនអនាថាដែលរស់នៅតាមដងផ្លូវ អោយទៅជា​បទឧក្រិដ្ឋ​ដែលមិនមានជនរងគ្រោះ។

នៅចុងក្រោយ Meng បាននិយាយថា សង្កាត់នេះងងឹតពេកហើយ។ គាត់បានបន្ថែមទៀតថា អាជីវកម្ម​នៅតាមដងផ្លូវ Anaheim ឆាប់បិទណាស់ដោយសារតែផ្លូវងងឹតពេក។ គាត់នឹងដោះស្រាយ​បញ្ហា​គ្មាន​ផ្ទះសម្បែង​​នេះដោយកែលម្អហេដ្ឋារចនាសម្ព័ន្ធតាមដងផ្លូវ។

ឧក្រិដ្ឋកម្ម
សំរាប់ប្រធានបទឧក្រិដ្ឋកម្ម បេក្ខជនទាំងអស់ហាក់បីដូចជាមានគំនិតប្រហាក់ប្រហែលគ្នា ពួកគេយល់ថា​ប៉ូលីស និងសហគមន៍ត្រូវតែធ្វើការស្អិតរមួតជាមួយគ្នា។

បេក្ខជនកំពុងកាន់ដំណែង Andrews បាននិយាយថា គាត់ដឹងថាមានឧក្រិដ្ឋកម្មបានកើតឡើងនៅ​ក្នុង​សង្កាត់នេះ ប៉ុន្តែគាត់បានកត់សម្គាល់ឃើញថា សង្កាត់ទី ៦បានឆ្លើយតបលឿនបំផុតទៅនឹង​ករណី​ហៅសង្រ្គោះ​បន្ទាន់។ គាត់បានបន្តទៀតថា ការចាប់ដៃគូជាមួយក្រុមហ៊ុនសន្តិសុខនៅតាមផ្ទះដូច​ជា​ក្រុមហ៊ុន Ring អាចជួយកាត់បន្ថយឧក្រិដ្ឋកម្ម។

Hardie បាននិយាយថា មានតែអ្នកស្រេកឃ្លានទេដែលលួច ដូច្នេះគាត់នឹងដោះស្រាយបញ្ហា​ឧក្រិដ្ឋកម្មនេះ ដោយព្យាយាមបង្កើតការងារបន្ថែម ដែលការបង្កើតការងារបន្ថែមនេះគឺវា​ជា​គោលនយោបាយ​​​​ដ៏សំខាន់របស់គាត់។

ស្រដៀងគ្នានេះដែរ Saro បានលើកឡើងថាការបាត់បង់ការងារបានជំរុញឱ្យមនុស្សប្រព្រឹត្តបទឧក្រិដ្ឋ។ គាត់​​បានបន្ថែមទៀតថា គាត់ចង់ធ្វើការជាមួយអ្នកអនុវត្តច្បាប់ដើម្បីដោះ​ស្រាយបញ្ហាទាក់ទង​ទៅនឹង​ការប្រកាន់ជីរប្រវត្តិរបស់បុគ្គល។

Arce បានត្រលប់មកនិយាយពីប្រវត្តិអាមេរិកឡាទីនរបស់គាត់។ គាត់និយាយថាគាត់ជាសាក្សី​ដែល​​បាន​​ឃើញផ្ទាល់មានការកើនឡើងការយាយីពីសំណាក់ប៉ូលីស។ គាត់អះអាងថាទំនាក់ទំនងល្អរវាងប៉ូលីស​ និង​សាធារណៈជន​​គឺជាចំនុចអាទិភាពសំខាន់បំផុតក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មនៅសង្កាត់ទី ៦។

Ursuy បានឆ្លើយតបសំណួរនេះដោយនិយាយថាគាត់តូចចិត្តណាស់ ដែលមន្ត្រីអនុវត្តច្បាប់​និយាយថា​ឧក្រិដ្ឋកម្មគឺជា “ឃោសនាបំផ្លើសក្នុងបណ្តាញសង្គម”។ តាំងតែពីការចាប់ផ្តើមបើកវេទិកា រហូតដល់បិទ​បពា្ចប់ ​​Ursuy មិនមានការខ្មាស់អៀនក្នុងការនិយាយចំៗថា គាត់មិន​សប្បាយចិត្តជាមួយនឹង​អ្នកគ្រប់គ្រង​ចាត់ចែង​​សាលាក្រុងនេះទេ ទោះបីជាគាត់មិនបានបញ្ជាក់អោយច្បាស់ថាតើ គាត់កំពុងនិយាយសំដៅទៅ​លើអតីត​អ្នកគ្រប់គ្រងចាត់ចែងសាលាក្រុងលោក Patrick West ឬក៏អ្នកែដលកំពុងគ្រប់គ្រងស្តីទីលោក
Tom Modica នោះទេ។

Meng បានប្រកាន់ជំហរផ្ទាល់ខ្លួនប្រឆាំងនឹងឧក្រិដ្ឋកម្ម ជាពិសេសទាក់ទងទៅនឹងឃាតកម្ម។ គាត់បាន​និយាយថា​​សាច់ញាតិរបស់លោកពីរនាក់ត្រូវបានគេសម្លាប់នៅក្នុងការបាញ់ប្រហារដោយអាវុធ ទោះបី​ជា គាត់មិន​បានថ្លែងបញ្ជាក់ថាតើការបាញ់ប្រហារដោយអាវុធនោះបានកើតឡើងនៅទីកន្លែងណា ឬនៅ​ពេលណានោះទេ។ Meng បាននិយាយទៀតថា ដំណោះស្រាយរបស់គាត់ចំពោះ​បញ្ហានេះ​គឺ​បង្កើន​ការល្បាតនៅក្នុងសង្កាត់ទី ៦។

Villasenor បានកត់សម្គាល់ថាក្នុងនាមជាសមាជិកអ្នកឃ្លាំមើលរបស់មូលដ្ឋានម្នាក់ គាត់បាន​ឃើញបទល្មើសមុនគេ។ គាត់បានអះអាងថារាល់សម្មភាពឃ្លាំមើលរបស់គាត់បានជួយ​បញ្ឈប់អំពើ​ឧក្រិដ្ឋដែលអាចនឹងកើតឡើង​ ខណៈពេលដែលគាត់បានដើរល្បាតសហគមន៍​របស់គាត់តាំងពី​ពាក់កណ្តាលអធ្រាត្រ រហូតដល់ម៉ោង ៤ទាបភ្លឺ។

នៅពេលបេក្ខជនទាំង ៧នាក់បានថ្លែងសុន្ទរកថាបិទបញ្ចប់របស់ពួកគេ ប្រធានបទចំរុះទាក់ទងទៅនឹង​សហគមន៍​​​បានបន្លឺឡើងពេញសាលវេទិកា។ បេក្ខជនទាំងអស់ និងសមាជិកនៃក្រុម សភា ខ្មែរអាមេរិកាំង ទំនាក់ទំនង ផ្នែកសង្គមកិច្ច (CACEC) បានថ្លែងអំណរគុណដល់សាធារណជនដែលបាន​ចូលរួមក្នុង​កម្មវិធី​​វេទិកា​​ជជែកពិភាក្សាសាធារណៈរយៈពេល ២ម៉ោងនេះ។

ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ទី៦ នឹងមានការសម្រេចចិត្តចុងក្រោយរបស់ពួកគេ នៅពេលថ្ងៃ​បោះឆ្នោត​​ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នាពេលខាងមុខ ដើម្បីជ្រើសរើស​បេក្ខជនក្រុមប្រឹក្សាក្រុង​ សង្កាត់ទី៦។

Total
0
Shares