Steve Meng បានដកខ្លួនចេញពីការប្រកួតប្រជែងយកតំណែង ក្រុមប្រឹក្សាក្រុង សង្កាត់ទី៦ ហើយបានផ្តល់ការគាំទ្រដល់ Suley Saro

ក្នុងចំណោមបេក្ខជនទាំង៧នាក់ ដែលបាននឹងកំពុងធ្វើការប្រកួតប្រជែងយកតំណែង​ក្រុមប្រឹក្សាក្រុង សង្កាត់ទី៦ នាខែមីនាខាងមុខនេះ មានបេក្ខជនពីរនាក់​ដែលមាន​ដើម​កំណើត​ខ្មែរ។ យោងតាមការិយាល័យរបស់​ Suley Saro ចំនួនបេក្ខជន​ពីរនេះ​បានធ្លាក់ចុះ​មក​ត្រឹមតែមួយនាក់ប៉ុណ្ណោះ ពីព្រោះថា Steve Meng ដែលជាបេក្ខជន​មានដើម​កំណើត​ខ្មែរ ចូលរួមនាពេលកន្លងមកក្នុងការប្រកួតប្រជែងយកតំណែង​​ក្រុមប្រឹក្សាក្រុង សង្កាត់ទី៦ បានដកបេក្ខភាពរបស់គាត់កាលពីថ្ងៃសុក្រកន្លងទៅ ដើម្បីត្រលប់មក​គាំ​ទ្រយុទ្ធនាការ​ស្វែងរកសំលេងឆ្នោតរបស់ Saro។

ក្នុងយុទ្ធនាការស្វែងរកសំលេងឆ្នោតរបស់ Meng បានចេញសេចក្តីថ្លែងការណ៍​ទាក់ទង​​ទៅនឹងការដកបេក្ខភាពដែលមានខ្លឹមសារដូចតទៅនេះ “ខ្ញុំបានប្រកាសពី យុទ្ធនាការ​ស្វែង​រកសំលេងឆ្នោតរបស់ខ្ញុំ ដោយមានហេតុផលមួយផ្នែកក៏ព្រោះតែ​ខ្ញុំយល់ឃើញថា​សហគមន៍ខ្មែរ​នៅទីក្រុង​​ឡុងប៊ិចត្រូវបានគេមើលរំលង និងខ្វះ​អ្នក​តំណាង។ ប៉ុន្តែឥឡូវ​ដល់ពេលដែលត្រូវមករួបរួមគ្នានៅពីក្រោយបេក្ខជនតែម្នាក់ជាមួយ​ចក្ខុវិស័យរួមមួយ​សម្រាប់​​ទីក្រុងឡុងប៊ិច អ្នកនោះគឺ Suley Saro។ Suely និងខ្ញុំបាន​ចំណាយ​​ពេល​ជា​ច្រើន​ឆ្នាំដើម្បីធ្វើការលើកស្ទួយសហគមន៍របស់យើង ហើយ​កសាង​សម្ព័ន្ធភាពរួបរួមគ្នាមួយ​នៅពី​ក្រោយ​យុទ្ធនាការស្វែងរកសំលេងឆ្នោតរបស់ Saro វាពិតជាមាន​សារៈ​សំខាន់​ណាស់​ដើម្បី​សំរេចគោលដៅនោះ។ ក្នុងរយៈពេលប៉ុន្មានខែ​ខាងមុខនេះ ខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការ​យ៉ាង​​​​​​​សកម្មថែមទៀត ដើម្បីធ្វើឱ្យសហគមន៍មាន​ការរួបរួមគ្នា​ជាធ្លុងមួយ​ក្នុងការគាំទ្រ​យុទ្ធនាការ​​ស្វែងរក​សំលេងឆ្នោតរបស់ Suely។ ខ្ញុំពិតជា​ចង់ធ្វើការ​ជាមួយ Suely ណាស់ ហើយខ្ញុំដឹងថា រួបរួមគ្នា យើងនឹងក្រោកឈរឡើង ហើយ​យើង​​នឹង​ធ្វើឱ្យទីក្រុងឡុងប៊ិចជា​ទី​កន្លែងរស់នៅឱ្យកាន់តែល្អប្រសើរឡើងសម្រាប់គ្រប់​ក្រុមគ្រួសារ​​ទាំងអស់”។

គាត់បាននិយាយបន្តទៀតថា Saro “គឺជាបេក្ខជនដែលសាកសមបំផុតក្នុងការធ្វើការ បង្រួបបង្រួមសហគមន៍ខ្មែរ អាមេរិកាំង និងជាអ្នកតំណាងអោយប្រជាពលរដ្ឋទាំងអស់​ដែល​រស់នៅទីក្រុងឡុងប៊ិចនៅក្រុមប្រឹក្សាក្រុង។

សង្កាត់ទី៦ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការដឹកនាំរបស់អភិបាលរងក្រុង Dee Andrews គឺជាកន្លែងរស់នៅរបស់សហគមន៍ចម្រុះ ប៉ុន្តែវាក៏ជាកន្លែងដែលមានប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុងឡុងប៊ិចមួយចំនួនធំរស់នៅផងដែរ។

ក្នុងអំឡុងពេលវេទិកាជជែកពិភាក្សាសាធារណៈកាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងមកនេះ Meng បានរិះគន់ថា គ្មានភ្លើងអគ្គីសនីគ្រប់គ្រាន់នៅតាមដងផ្លួវ Anaheim ហើយជាផ្នែក​មួយ​​នៃ​យុទ្ធនាការស្វែងរកសំលេងឆ្នោតរបស់គាត់ ក្នុងនោះដែរដើម្បីដោះស្រាយបញ្ហា​ឧក្រិដ្ឋកម្ម​គាត់​ត្រូវ​​ធ្វើការជាមួយប៉ូលីសដើម្បីបង្កើនការល្បាតនៅក្នុងសង្កាត់នេះ។

ការិយាល័យរបស់ Saro បានចេញសេចក្តីថ្លែងការណ៍ដើម្បីឆ្លើយតបទៅនឹងសេចក្តី​ប្រកាស​​របស់ Meng ដែលមានខ្លឹមសារដូចតទៅនេះ “ក្នុងនាមសហគមន៍ខ្មែររស់នៅ​ទីក្រុងឡុងប៊ិច​អស់រយៈពេល ២៥ឆ្នាំកន្លងទៅនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ Steve Meng ចំពោះភាពជឿជាក់ដែលគាត់បានបង្ហាញចំពោះខ្ញុំ និងចំពោះការខិតខំប្រឹងប្រែង​ដោយ​មិនចេះ​នឿយហត់របស់គាត់។ Steve គឺជាមេដឹកនាំដ៏ឆ្នើមម្នាក់នៅក្នុងសហគមន៍​របស់យើង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ Steve ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយគាត់នៅក្នុងយុទ្ធនាការស្វែងរកសំលេងឆ្នោតពីពេលនេះតទៅមុខ។ ប្រជាពលរដ្ឋរស់នៅទីក្រុងឡុងប៊ិច​សាកសម​នឹងទទួលបាន​ក្រុមប្រឹក្សា​ក្រុង សង្កាត់​​​​​ម្នាក់​​ដែលយកចិត្តទុក និងប្រកបដោយប្រសិទ្ធភាពការងារ ជាអ្នកដែលធ្វើការ ​រៀងរាល់​​ថ្ងៃ​ដើម្បីជំរុញអោយមានការរីកចំរើននៅក្នុងសហគមន៍របស់ពួកគេ។ ខ្ញុំដឹងថា ជាមួយនឹងការជួយជ្រុំជ្រែងរបស់ Steve និងការគាំទ្រពីសហគមន៍ ខ្ញុំនឹងក្លាយជាស្ត្រី​ខ្មែរអាមេរិកកាំង​ដំបូងគេបង្អស់ ដែលនឹងចូលទៅបម្រើការនៅក្រុមប្រឹក្សា​ក្រុងឡុងប៊ិច​ ហើយយើងនឹងធ្វើការដឹកនាំឱ្យល្អប្រសើរឡើងប្រកបដោយភាពទទួលខុសត្រូវខ្ពស់សម្រាប់ក្រុងសង្កាត់ទី៦នេះ។

Saro នឹងបន្តការប្រឈមមុខជាមួយគូរប្រជែងដែលកំពុងកាន់តំណែង Andrews និងបណ្តាបេក្ខជនបួននាក់ផ្សេងទៀតនៅក្នុងការប្រកួតប្រជែងយកតំណែង​ក្រុមប្រឹក្សាក្រុង​​​សង្កាត់ទី៦។ ថ្ងៃបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នាពេលខាង​មុខ។

Total
0
Shares