ក្នុងចំណោមបេក្ខជនទាំង៧នាក់ ដែលបាននឹងកំពុងធ្វើការប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាក្រុង សង្កាត់ទី៦ នាខែមីនាខាងមុខនេះ មានបេក្ខជនពីរនាក់ដែលមានដើមកំណើតខ្មែរ។ យោងតាមការិយាល័យរបស់ Suley Saro ចំនួនបេក្ខជនពីរនេះបានធ្លាក់ចុះមកត្រឹមតែមួយនាក់ប៉ុណ្ណោះ ពីព្រោះថា Steve Meng ដែលជាបេក្ខជនមានដើមកំណើតខ្មែរ ចូលរួមនាពេលកន្លងមកក្នុងការប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាក្រុង សង្កាត់ទី៦ បានដកបេក្ខភាពរបស់គាត់កាលពីថ្ងៃសុក្រកន្លងទៅ ដើម្បីត្រលប់មកគាំទ្រយុទ្ធនាការស្វែងរកសំលេងឆ្នោតរបស់ Saro។
ក្នុងយុទ្ធនាការស្វែងរកសំលេងឆ្នោតរបស់ Meng បានចេញសេចក្តីថ្លែងការណ៍ទាក់ទងទៅនឹងការដកបេក្ខភាពដែលមានខ្លឹមសារដូចតទៅនេះ “ខ្ញុំបានប្រកាសពី យុទ្ធនាការស្វែងរកសំលេងឆ្នោតរបស់ខ្ញុំ ដោយមានហេតុផលមួយផ្នែកក៏ព្រោះតែខ្ញុំយល់ឃើញថាសហគមន៍ខ្មែរនៅទីក្រុងឡុងប៊ិចត្រូវបានគេមើលរំលង និងខ្វះអ្នកតំណាង។ ប៉ុន្តែឥឡូវដល់ពេលដែលត្រូវមករួបរួមគ្នានៅពីក្រោយបេក្ខជនតែម្នាក់ជាមួយចក្ខុវិស័យរួមមួយសម្រាប់ទីក្រុងឡុងប៊ិច អ្នកនោះគឺ Suley Saro។ Suely និងខ្ញុំបានចំណាយពេលជាច្រើនឆ្នាំដើម្បីធ្វើការលើកស្ទួយសហគមន៍របស់យើង ហើយកសាងសម្ព័ន្ធភាពរួបរួមគ្នាមួយនៅពីក្រោយយុទ្ធនាការស្វែងរកសំលេងឆ្នោតរបស់ Saro វាពិតជាមានសារៈសំខាន់ណាស់ដើម្បីសំរេចគោលដៅនោះ។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្មថែមទៀត ដើម្បីធ្វើឱ្យសហគមន៍មានការរួបរួមគ្នាជាធ្លុងមួយក្នុងការគាំទ្រយុទ្ធនាការស្វែងរកសំលេងឆ្នោតរបស់ Suely។ ខ្ញុំពិតជាចង់ធ្វើការជាមួយ Suely ណាស់ ហើយខ្ញុំដឹងថា រួបរួមគ្នា យើងនឹងក្រោកឈរឡើង ហើយយើងនឹងធ្វើឱ្យទីក្រុងឡុងប៊ិចជាទីកន្លែងរស់នៅឱ្យកាន់តែល្អប្រសើរឡើងសម្រាប់គ្រប់ក្រុមគ្រួសារទាំងអស់”។
គាត់បាននិយាយបន្តទៀតថា Saro “គឺជាបេក្ខជនដែលសាកសមបំផុតក្នុងការធ្វើការ បង្រួបបង្រួមសហគមន៍ខ្មែរ អាមេរិកាំង និងជាអ្នកតំណាងអោយប្រជាពលរដ្ឋទាំងអស់ដែលរស់នៅទីក្រុងឡុងប៊ិចនៅក្រុមប្រឹក្សាក្រុង។
សង្កាត់ទី៦ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការដឹកនាំរបស់អភិបាលរងក្រុង Dee Andrews គឺជាកន្លែងរស់នៅរបស់សហគមន៍ចម្រុះ ប៉ុន្តែវាក៏ជាកន្លែងដែលមានប្រជាពលរដ្ឋខ្មែរនៅទីក្រុងឡុងប៊ិចមួយចំនួនធំរស់នៅផងដែរ។
ក្នុងអំឡុងពេលវេទិកាជជែកពិភាក្សាសាធារណៈកាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងមកនេះ Meng បានរិះគន់ថា គ្មានភ្លើងអគ្គីសនីគ្រប់គ្រាន់នៅតាមដងផ្លួវ Anaheim ហើយជាផ្នែកមួយនៃយុទ្ធនាការស្វែងរកសំលេងឆ្នោតរបស់គាត់ ក្នុងនោះដែរដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មគាត់ត្រូវធ្វើការជាមួយប៉ូលីសដើម្បីបង្កើនការល្បាតនៅក្នុងសង្កាត់នេះ។
ការិយាល័យរបស់ Saro បានចេញសេចក្តីថ្លែងការណ៍ដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ Meng ដែលមានខ្លឹមសារដូចតទៅនេះ “ក្នុងនាមសហគមន៍ខ្មែររស់នៅទីក្រុងឡុងប៊ិចអស់រយៈពេល ២៥ឆ្នាំកន្លងទៅនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ Steve Meng ចំពោះភាពជឿជាក់ដែលគាត់បានបង្ហាញចំពោះខ្ញុំ និងចំពោះការខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់របស់គាត់។ Steve គឺជាមេដឹកនាំដ៏ឆ្នើមម្នាក់នៅក្នុងសហគមន៍របស់យើង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ Steve ហើយខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយគាត់នៅក្នុងយុទ្ធនាការស្វែងរកសំលេងឆ្នោតពីពេលនេះតទៅមុខ។ ប្រជាពលរដ្ឋរស់នៅទីក្រុងឡុងប៊ិចសាកសមនឹងទទួលបានក្រុមប្រឹក្សាក្រុង សង្កាត់ម្នាក់ដែលយកចិត្តទុក និងប្រកបដោយប្រសិទ្ធភាពការងារ ជាអ្នកដែលធ្វើការ រៀងរាល់ថ្ងៃដើម្បីជំរុញអោយមានការរីកចំរើននៅក្នុងសហគមន៍របស់ពួកគេ។ ខ្ញុំដឹងថា ជាមួយនឹងការជួយជ្រុំជ្រែងរបស់ Steve និងការគាំទ្រពីសហគមន៍ ខ្ញុំនឹងក្លាយជាស្ត្រីខ្មែរអាមេរិកកាំងដំបូងគេបង្អស់ ដែលនឹងចូលទៅបម្រើការនៅក្រុមប្រឹក្សាក្រុងឡុងប៊ិច ហើយយើងនឹងធ្វើការដឹកនាំឱ្យល្អប្រសើរឡើងប្រកបដោយភាពទទួលខុសត្រូវខ្ពស់សម្រាប់ក្រុងសង្កាត់ទី៦នេះ។
Saro នឹងបន្តការប្រឈមមុខជាមួយគូរប្រជែងដែលកំពុងកាន់តំណែង Andrews និងបណ្តាបេក្ខជនបួននាក់ផ្សេងទៀតនៅក្នុងការប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាក្រុងសង្កាត់ទី៦។ ថ្ងៃបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នាពេលខាងមុខ។