បេក្ខជនដែលកំពុងធ្វើការប្រកួតប្រជែងដើម្បីដណ្តើមយកតំណែងក្រុងសង្កាត់ទី៦ នាខែមីនា
ខាងមុខនេះ បានបន្ថយការរិះគន់របស់ពួកគេទៅលើគ្នាទៅវិញទៅមក ទោះបីជាយ៉ាងណាក៏ដោយ មានបេក្ខជនមួយចំនួនតូចបានទទួលរងការរិះគន់ នៅក្នុងសន្ទរកថាបើករបស់បេក្ខជនដ៏ទៃ ហើយបេក្ខជនភាគច្រើនបានចែករំលែកយុទ្ធសាស្រ្តរដូចគ្នាក្នុងវេទិកាជជែកពិភាក្សាសាធារណៈ
កាលពីយប់ថ្ងៃសុក្រកន្លងទៅ។
ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ទី៦ បានមកចូលរួមយ៉ាងច្រើនកុះករនៅសាលប្រជុំខាងក្នុងមជ្ឈមណ្ឌល The Ernest McBride Park Cal Rec Center ដើម្បីស្តាប់បេក្ខជនដែលឈរឈ្មោះ ជាក្រុមប្រឹក្សាក្រុង សង្កាត់របស់ពួកគេនិយាយអំពីបញ្ហាចាំបាច់បន្ទាន់បំផុតនៅក្នុងសហគមន៍របស់ពួកគេ។
បេក្ខជនទាំងអស់រួមមាន Craig Ursuy, Steve Meng, Josephine Villasenor, Suely Saro, Sharifah Hardie, Ana Arce និងបេក្ខជនដែលកំពុងកាន់ដំណែង Dee Andrews បានបើកវេទិកា ជជែកពិភាក្សាសាធារណៈនេះដោយឧទ្ទេសនាមរៀងៗខ្លួន និងនិយាយសង្ខេបពីគោលនយោបាយរបស់ពួកគេ។
កម្មវិធីនេះបានរៀបចំឡើងដោយ សមាជិកនៃក្រុម សភា ខ្មែរអាមេរិកាំង ទំនាក់ទំនង ផ្នែកសង្គមកិច្ច (CACEC) រួមមាន Marc Coleman, Alex Norman, Laura Som, Anthony Kim, Charles Song និង Sanghak Kan។
ស្ទើរតែពីដើមដល់ចប់វេទិកាជជែកពិភាក្សា បេក្ខជនបានជៀសវាងការប្រឈមមុខដាក់គ្នា នៅពេលដែលពិភាក្សាលើប្រធានបទមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ នៅជិតចុងបញ្ចប់នៃកម្មវិធីនេះ Arce បាននិយាយថា ប្រសិនបើបោះឆ្នោតឱ្យបុគ្គលដូចជា Saro នឹងមិននាំមកនូវការផ្លាស់ប្តូរនៅក្នុងសហគមន៍នោះទេ ពីព្រោះ Saro ធ្លាប់កាន់តួនាទីជាប្រធានបុគ្គលិករបស់សមាជិកព្រឹទ្ធសភា Ricardo Lara។
Arce បាននិយាយបន្ថែមទៀតថា “ប្រសិនបើអ្នកចង់អោយអ្វីៗនៅដដែលនោះ សូមអ្នកបោះឆ្នោតអោយ Suely ចុះ”។
Saro បាននិយាយកែតំរូវ Arce ដោយនិយាយថាខ្ញុំធ្លាប់ជាអ្នកតំណាងដែលធ្វើការនៅ ការិយាល័យមូលដ្ឋានអោយសមាជិកព្រឹទ្ធសភា និងបានស្នើសុំពេលវេលាបន្ថែមដើម្បីធ្វើការឆ្លើយតបទៅនឹងមតិរបស់ Arce។ លោក Norman បានឆ្លើយតបថាគ្មានការប្រកែកគ្នាត្រូវបានអនុញ្ញាតិឱ្យកើតមានឡើងទេ ហើយ Saro ក៏មិនបានផ្តល់ពេលវេលាបន្ថែមក្នុងកំឡុងពេលដែលថ្លែងសុន្ទរកថាបិទបញ្ចប់នោះដែរ។
ភាពគ្មានផ្ទះសម្បែង
សំណួរទីមួយដែលលោក Norman បានសួរទៅកាន់បណ្តាបេក្ខជនដើម្បីអោយធ្វើការឆ្លើយតបនោះគឺភាពគ្មានផ្ទះសម្បែងនៅក្នុងសហគមន៍ និងធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហានេះ។
Saro បាននិយាយថា ការផ្តល់ទីកន្លែងស្នាក់នៅអោយបានត្រឹមត្រូវ និងការផ្តល់សេវាកម្មផ្នែកសុខភាពផ្លូវចិត្តគឺជាវិធីល្អបំផុតក្នុងការដោះស្រាយបញ្ហានេះ។
Hardie បានឆ្លើយសំណួរនេះដោយរៀបរាប់រឿងផ្ទាល់ខ្លួន។ គាត់ត្រូវបានគេបញ្ឈប់ពីការងារចំនួន៨ដង មុនពេលគាត់ចាប់ផ្តើមអាជីពផ្ទាល់ខ្លួនជាសហគ្រិន។ វិធីសាស្រ្តរបស់គាត់គឺបង្រៀនមនុស្សអោយមានជំនាញផ្សេងៗ ដើម្បីអោយពួកគេអាចស្វែងរកមុខរបរដោយខ្លួនរបស់ពួកគេបាន។
បេក្ខជនកំពុងកាន់ដំណែង Andrews ដែលក្នុងរដូវកាលបោះឆ្នោតលើកនេះជាអណត្តិទីបួនរបស់គាត់បានថ្លែងថា ការគ្រប់គ្រងលើថ្លៃជួលតែមួយមុខគឺវាមិនទាន់គ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានេះទេ។ គាត់បាននិយាយប្រាប់ប្រជាពលរដ្ឋដែលមកចូលរួមស្តាប់នៅក្នុងវេទិកាជជែកពិភាក្សាសាធារណៈនេះថា ចំពោះរូបគាត់ការតំឡើងថ្លៃជួលគឺ “មិនល្អឡើយ”សម្រាប់សហគមន៍។
Villasenor បានឆ្លើយតបនឹងសំណួរនេះដោយបញ្ជាក់ថា ប្រសិនបើគាត់បានជាប់ឆ្នោត គាត់នឹងមិនទទួលយកប្រាក់បៀរវត្សរ៍ដែលបានមកពីសាលាក្រុងទេ ហើយគាត់នឹងបរិច្ចាគថវិកានេះសម្រាប់ឧបត្ថម្ភដល់គម្រោងផ្សេងៗរបស់សហគមន៍។ គាត់និយាយបន្ថែមទៀតថា គាត់ជាកូនទី១៥ ក្នុងចំណោមបងប្អូនប្រុសស្រី ២២នាក់ ហើយគាត់ធ្លាប់បានឆ្លងកាត់ភាពគ្មានផ្ទះសម្បែងរយៈពេលមួយឆ្នាំ។
Ursuy ជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យ Santa Ana បានបញ្ជាក់ថា គាត់នឹងដោះស្រាយបញ្ហាគ្មានផ្ទះសម្បែងឋិតឋេរនេះដោយកែសំរួលច្បាប់ឧក្រិដ្ឋលើជនអនាថាដែលរស់នៅតាមដងផ្លូវ អោយទៅជាបទឧក្រិដ្ឋដែលមិនមានជនរងគ្រោះ។
នៅចុងក្រោយ Meng បាននិយាយថា សង្កាត់នេះងងឹតពេកហើយ។ គាត់បានបន្ថែមទៀតថា អាជីវកម្មនៅតាមដងផ្លូវ Anaheim ឆាប់បិទណាស់ដោយសារតែផ្លូវងងឹតពេក។ គាត់នឹងដោះស្រាយបញ្ហាគ្មានផ្ទះសម្បែងនេះដោយកែលម្អហេដ្ឋារចនាសម្ព័ន្ធតាមដងផ្លូវ។
ឧក្រិដ្ឋកម្ម
សំរាប់ប្រធានបទឧក្រិដ្ឋកម្ម បេក្ខជនទាំងអស់ហាក់បីដូចជាមានគំនិតប្រហាក់ប្រហែលគ្នា ពួកគេយល់ថាប៉ូលីស និងសហគមន៍ត្រូវតែធ្វើការស្អិតរមួតជាមួយគ្នា។
បេក្ខជនកំពុងកាន់ដំណែង Andrews បាននិយាយថា គាត់ដឹងថាមានឧក្រិដ្ឋកម្មបានកើតឡើងនៅក្នុងសង្កាត់នេះ ប៉ុន្តែគាត់បានកត់សម្គាល់ឃើញថា សង្កាត់ទី ៦បានឆ្លើយតបលឿនបំផុតទៅនឹងករណីហៅសង្រ្គោះបន្ទាន់។ គាត់បានបន្តទៀតថា ការចាប់ដៃគូជាមួយក្រុមហ៊ុនសន្តិសុខនៅតាមផ្ទះដូចជាក្រុមហ៊ុន Ring អាចជួយកាត់បន្ថយឧក្រិដ្ឋកម្ម។
Hardie បាននិយាយថា មានតែអ្នកស្រេកឃ្លានទេដែលលួច ដូច្នេះគាត់នឹងដោះស្រាយបញ្ហាឧក្រិដ្ឋកម្មនេះ ដោយព្យាយាមបង្កើតការងារបន្ថែម ដែលការបង្កើតការងារបន្ថែមនេះគឺវាជាគោលនយោបាយដ៏សំខាន់របស់គាត់។
ស្រដៀងគ្នានេះដែរ Saro បានលើកឡើងថាការបាត់បង់ការងារបានជំរុញឱ្យមនុស្សប្រព្រឹត្តបទឧក្រិដ្ឋ។ គាត់បានបន្ថែមទៀតថា គាត់ចង់ធ្វើការជាមួយអ្នកអនុវត្តច្បាប់ដើម្បីដោះស្រាយបញ្ហាទាក់ទងទៅនឹងការប្រកាន់ជីរប្រវត្តិរបស់បុគ្គល។
Arce បានត្រលប់មកនិយាយពីប្រវត្តិអាមេរិកឡាទីនរបស់គាត់។ គាត់និយាយថាគាត់ជាសាក្សីដែលបានឃើញផ្ទាល់មានការកើនឡើងការយាយីពីសំណាក់ប៉ូលីស។ គាត់អះអាងថាទំនាក់ទំនងល្អរវាងប៉ូលីស និងសាធារណៈជនគឺជាចំនុចអាទិភាពសំខាន់បំផុតក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មនៅសង្កាត់ទី ៦។
Ursuy បានឆ្លើយតបសំណួរនេះដោយនិយាយថាគាត់តូចចិត្តណាស់ ដែលមន្ត្រីអនុវត្តច្បាប់និយាយថាឧក្រិដ្ឋកម្មគឺជា “ឃោសនាបំផ្លើសក្នុងបណ្តាញសង្គម”។ តាំងតែពីការចាប់ផ្តើមបើកវេទិកា រហូតដល់បិទបពា្ចប់ Ursuy មិនមានការខ្មាស់អៀនក្នុងការនិយាយចំៗថា គាត់មិនសប្បាយចិត្តជាមួយនឹងអ្នកគ្រប់គ្រងចាត់ចែងសាលាក្រុងនេះទេ ទោះបីជាគាត់មិនបានបញ្ជាក់អោយច្បាស់ថាតើ គាត់កំពុងនិយាយសំដៅទៅលើអតីតអ្នកគ្រប់គ្រងចាត់ចែងសាលាក្រុងលោក Patrick West ឬក៏អ្នកែដលកំពុងគ្រប់គ្រងស្តីទីលោក
Tom Modica នោះទេ។
Meng បានប្រកាន់ជំហរផ្ទាល់ខ្លួនប្រឆាំងនឹងឧក្រិដ្ឋកម្ម ជាពិសេសទាក់ទងទៅនឹងឃាតកម្ម។ គាត់បាននិយាយថាសាច់ញាតិរបស់លោកពីរនាក់ត្រូវបានគេសម្លាប់នៅក្នុងការបាញ់ប្រហារដោយអាវុធ ទោះបីជា គាត់មិនបានថ្លែងបញ្ជាក់ថាតើការបាញ់ប្រហារដោយអាវុធនោះបានកើតឡើងនៅទីកន្លែងណា ឬនៅពេលណានោះទេ។ Meng បាននិយាយទៀតថា ដំណោះស្រាយរបស់គាត់ចំពោះបញ្ហានេះគឺបង្កើនការល្បាតនៅក្នុងសង្កាត់ទី ៦។
Villasenor បានកត់សម្គាល់ថាក្នុងនាមជាសមាជិកអ្នកឃ្លាំមើលរបស់មូលដ្ឋានម្នាក់ គាត់បានឃើញបទល្មើសមុនគេ។ គាត់បានអះអាងថារាល់សម្មភាពឃ្លាំមើលរបស់គាត់បានជួយបញ្ឈប់អំពើឧក្រិដ្ឋដែលអាចនឹងកើតឡើង ខណៈពេលដែលគាត់បានដើរល្បាតសហគមន៍របស់គាត់តាំងពីពាក់កណ្តាលអធ្រាត្រ រហូតដល់ម៉ោង ៤ទាបភ្លឺ។
នៅពេលបេក្ខជនទាំង ៧នាក់បានថ្លែងសុន្ទរកថាបិទបញ្ចប់របស់ពួកគេ ប្រធានបទចំរុះទាក់ទងទៅនឹងសហគមន៍បានបន្លឺឡើងពេញសាលវេទិកា។ បេក្ខជនទាំងអស់ និងសមាជិកនៃក្រុម សភា ខ្មែរអាមេរិកាំង ទំនាក់ទំនង ផ្នែកសង្គមកិច្ច (CACEC) បានថ្លែងអំណរគុណដល់សាធារណជនដែលបានចូលរួមក្នុងកម្មវិធីវេទិកាជជែកពិភាក្សាសាធារណៈរយៈពេល ២ម៉ោងនេះ។
ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ទី៦ នឹងមានការសម្រេចចិត្តចុងក្រោយរបស់ពួកគេ នៅពេលថ្ងៃបោះឆ្នោត ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នាពេលខាងមុខ ដើម្បីជ្រើសរើសបេក្ខជនក្រុមប្រឹក្សាក្រុង សង្កាត់ទី៦។